បើចង់ក្លាយខ្លួនជាភរិយាគេ ត្រូវចេះធ្វើរឿង ៥ យ៉ាងនេះសិន
- jumrerswomen
- Feb 15, 2021
- 1 min read
Updated: Apr 28, 2021
ភរិយាភាគច្រើន យើងធ្លាប់តែដឹងថាពួកគាត់បំពេញតួនាទីតាមទំនៀមទម្លាប់និងការប្រដៅទូន្មានពីម្ដាយឪពុកសាច់ញាតិដែលគាត់អប់រំតាមកម្រិតនៃការចេះដឹង និងបទពិសោធន៍ជាក់ស្ដែងដែលពួកគាត់បានឆ្លងកាត់កន្លងមក។ ថ្ងៃនេះយើងមកដឹងពីតួនាទីរ ៥ យ៉ាងរបស់ភរិយាល្អដែលព្រះពុទ្ធអង្គបានទូន្មានដល់បរិស័ទរបស់ព្រះអង្គ។

១. ភរិយាល្អត្រូវចេះចាត់ចែងការងារឲ្យល្អ
ជាភរិយា ត្រូវចេះចាត់ចែងរៀបចំទុកដាក់របស់របរក្នុងផ្ទះឲ្យមានរបៀបរៀបរយ។ ជាភរិយាមិនមែនចេះតែសម្អិតសម្អាងខ្លួនប្រាណខ្លួនឯងដើម្បីផ្គាប់ចិត្តស្វាមីតែម្យ៉ាងនោះឡើយ គឺអ្នកជាភរិយាត្រូវចេះរៀបចំផ្ទះសម្បែងឲ្យមានសណ្ដាប់ធ្នាប់ល្អ មានសោភណភាពទាក់ទាញចិត្តញាតិមិត្តគ្រប់គ្នាផងដែរ។
២. ភរិយាល្អត្រូវចេះសង្រ្គោះញាតិទាំងសងខាងឲ្យល្អ
បើអ្នកទទួលក្ដីស្រឡាញ់ពីបុរសជាគូ អ្នកត្រូវចេះផ្ដល់ក្ដីស្រឡាញ់និងការសង្រ្គោះជួយទុក្ខធុរៈដល់ស្វាមីនិងសាច់ញាតិរបស់គេដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏មិនត្រូវភ្លេចយកចិត្តទុកដាក់ថែរក្សាញាតិមិត្តរបស់អ្នកឲ្យមានសម្ព័ន្ធភាពស្ថិតស្ថេរដូច្នោះដែរ ពោលគឺមិនបោះបង់ញាតិណាម្នាក់ចោល ឬមានសេចក្ដីលម្អៀងទៅលើញាតិណាម្ខាង ដោយប្រកាន់ថាគេនោះជាញាតិខ្លួន ឬគេនោះជាញាតិរបស់ស្វាមីខ្លួនឡើយ។
៣. ភរិយាល្អត្រូវចេះមានភាពស្មោះត្រង់នឹងស្វាមី
ជាប្ដីប្រពន្ធនឹងគ្នា ត្រូវចេះផ្ដល់ភាពស្មោះត្រង់ឲ្យគ្នាទៅវិញទៅមក ជាពិសេសយើងជាភរិយា ត្រូវចេះមានស្វាមីភក្តិចំពោះប្ដី។ ភរិយាល្អ រមែងមើលឃើញប្ដីខ្លួនឯងល្អ ស្អាតជាងបុរសដទៃណាៗទាំងអស់។ ហើយភរិយាល្អមិនត្រូវមានចិត្តចង់ផិតក្បត់ស្វាមីឡើយ។
៤. ភរិយាល្អត្រូវចេះថែទាំទ្រព្យស្វាមីឲ្យបានល្អ
ក្នុងនាមជាភរិយា ត្រូវចេះចាត់ចែងទ្រព្យដែលប្ដីរកបានមកឲ្យបានគង់វង្សល្អ។ ត្រង់នេះ មិនមែនមិនឲ្យអ្នកយកទ្រព្យទៅចាយវាយនោះទេ ប៉ុន្តែអ្នកត្រូវចេះរិះគិតថ្លឹងថ្លែងចាយដោយបញ្ញា និងក្ដីស្រឡាញ់។ ទ្រព្យដែលស្វាមីប្រគល់ឲ្យយើងត្រូវចេះសន្សំសំចៃ និងពិចារណាថារបស់ណាគួរទិញរបស់ណាមិនគួរទិញ។
៥. ភរិយាល្អត្រូវចេះឆ្លាតវៃក្នុងកិច្ចការទាំងពួង
ជាភរិយាល្អ អ្នកមិនត្រឹមចេះផ្គាប់ផ្គន់ចិត្តស្វាមីដោយការសម្អិតសម្អាងខ្លួន ផ្ដល់ភាពស្មោះត្រង់ដល់ស្វាមី សង្រ្គោះញាតិ ការរៀបចំផ្ទះសម្បែងឲ្យមានសណ្ដាប់ធ្នាប់ប៉ុណ្ណោះទេ តែភរិយាដ៏ល្អត្រូវមានភាពឆ្លាតវៃនៅលើកិច្ចការងារទាំងពួងផ្សេងៗទៀតដូចជាការរកស៊ី ចំណេះដឹងទូទៅ ដឹងច្បាប់ទម្លាប់ ស្គាល់សាសនាជា ដើម។ លើសពីនេះ ភរិយាល្អត្រូវចេះលើកទឹកចិត្តស្វាមី ផ្ដល់ជាគំនិតយោបល់ល្អៗដល់ស្វាមី ជួយជម្រុញស្វាមីនិងចេះជួយលើកមុខមាត់ស្វាមីឲ្យថ្កុំថ្កើង។
ភរិយាគឺជាបុគ្គលម្នាក់ដែលអាចជួយកសាងសង្គមគ្រួសារមួយឲ្យមានសុខសុភមង្គល និងរីកចម្រើន។ បើស្រ្តីជាភរិយាមានចំណេះដឹងទូលំទូលាយ នោះនាងនឹងមានឥទ្ធិពលខ្លាំងក្នុងការជួយឲ្យគ្រួសារមានភាពសុខដុមរម្យនាកាន់តែលឿន សមដូចសុភាសិតពោលថា “ម្ហូបឆ្ងាញ់ត្បិតគ្រឿង គ្រួសាររុងរឿងត្បិតភរិយាជា” ដូច្នោះឯង៕
អត្ថបទស្រាវជ្រាវ
ជម្រើសស្រ្តីឆ្នើម
Comments