ទុក្ខលំបាក ៦យ៉ាង ដែលស្រ្តីស្ទើរតែគ្រប់គ្នាត្រូវប្រឈមគេចមិនបាន
- jumrerswomen
- Feb 15, 2021
- 1 min read
Updated: Apr 21, 2021
ស្រ្តីគ្រប់រូបកើតមករមែងប្រាថ្នាជួបមនុស្សល្អៗ ដែលមានដូចជាការកើតក្នុងគ្រួសារដែលម្ដាយឪពុកមានព្រហ្មវិហារធម៌ ជួបមិត្តល្អៗនៅក្នុងសាលា ឬកន្លែងការងារ ជួបដៃគូជីវិតដែលចេះដឹងសុខទុក្ខ ជួបកូនដែលដើរតាមគន្លងអប់រំល្អជាដើម។
ប៉ុន្តែកត្តាទាំងអស់នោះវាសុទ្ធតែជាក្ដីសុខ-ទុក្ខក្រៅខ្លួនដែលបុរសនិងស្រ្តីសុទ្ធតែអាចមានឱកាសជួបនិងស្គាល់រសជាតិបានដូចគ្នា លើកលែងតែទុក្ខលំបាក ៦យ៉ាងនេះតែប៉ុណ្ណោះ ដែលបុរសគ្មានថ្ងៃស្គាល់ និងយល់ឡើយ។
១. ការធ្លាក់ឈាមរដូវប្រចាំខែ
ថ្វីត្បិតតែការធ្លាក់ឈាមរដូវគឺជាកត្តាដ៏ល្អមួយសម្រាប់ស្រ្តី ប៉ុន្តែបើយើងក្រឡេកទៅមើលភាពលំបាកអំឡុងពេលមករដូវរបស់នាង គឺអ្នកនឹងមិនយល់ឡើយថាវាមានភាពឈឺចាប់បែបណា។ អាការៈខុសៗគ្នានៃ បម្រែបម្រួលរាងកាយនិងអរម៉ូនអំឡុងពេលមករដូវ អាចបណ្ដាលឲ្យស្រ្តីឈឹចាប់ពេញសារពាង្គកាយមានដូចជាចុកពោះ រោយចង្កេះ ចុករោយតាមសន្លាក់ មួរម៉ៅច្រើន ឆាប់ឆេវឆាវ អស់កម្លាំង ឈឺក្បាល ចេញមុនជា ដើម។ បើរដូវមកទៀងល្អនោះមិនជាបញ្ហាអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែមានមិត្តនារីខ្លះ រដូវមកមិនទៀងទាត់ ជាហេតុបង្កឲ្យមានបញ្ហាសុខភាពផ្សេងៗជាច្រើនមុខទៀត ដែលបុរសមិនអាចស្មានត្រូវ។
២. ការពពោះកូន
ដដែលៗ មនុស្សស្រីតែម្នាក់គត់ដែលអាចពពោះកូនរយៈពេល ៩ខែ ១០ថ្ងៃ ដោយនៅក្នុងនោះនាងត្រូវទទួលការលំបាកយ៉ាងច្រើនចាប់តាំងពីមានការកកំណើតកូននៅក្នុងផ្ទៃ រួមមានការក្អួតចង្អោរ អស់កម្លាំង គេងមិនលក់ មួម៉ៅ ឃ្លានខុសរបៀបជាដើម។ នៅពេលពោះកាន់តែធំ នាងត្រូវពិបាកក្នុងរាងកាយកាន់តែខ្លាំង ពិបាកឱន ពិបាកឈោង ពិបាកដេក ដើរ ឈរ អង្គុយ ហើយស្រ្តីខ្លះអាចនឹងមានវិបត្តិជាំលើផ្ទៃមុខ ហើយដៃជើង និងបម្រែបម្រួលផ្សេងៗទៀតដែលយើងជាបុរសគ្មានថ្ងៃយល់។
៣. ការឆ្លងទន្លេ
ឆ្លងទន្លេ ជាពាក្យងាយនិយាយតែមិនងាយធ្វើ ព្រោះឆ្លងទន្លេនេះគឺមិនមានទូក មិនមានក្បួនសម្រាប់ចម្លងឡើយ។ ក្នុងដំណាក់កាលឆ្លងទន្លេ ឬសម្រាលកូននេះ ក្រៅតែពីការឈឺចាប់ដ៏សែនខ្លាំងគ្មានអ្វីវាស់ វាគឺជាដំណាក់កាលស្លាប់រស់រវាងម្ដាយនិងទារក បើឆ្លងរួចនឹងរស់ជីវិត តែបើឆ្លងមិនរួចគឺស្លាប់។
៤. ការបំបៅដោះ
បន្ទាប់ពីការសម្រាលទទួលបានជោគជ័យ ស្រ្តីជាម្ដាយត្រូវទទួលកាព្វកិច្ចដ៏សំខាន់មួយទៀត គឺការបំបៅដោះដើម្បីចិញ្ចឹមជីវិតកូនតូច។ រយៈពេលមួយឆ្នាំយ៉ាងតិច ដែលស្រ្តីជាម្ដាយត្រូវលះបង់ការខ្មាស និងឈាមស្រស់សម្រាប់ផ្ដល់អាហារដ៏មានជីវជាតិដល់ទារកជាកូន។ លុះនៅក្នុងពេលផ្ដាច់ទឹកដោះកូន ស្រ្តីជាម្ដាយត្រូវរងការឈឺចាប់ម្ដងទៀត ដោយតែការធ្វើទុក្ខនៃទឹកដោះដែលមិនបានបញ្ចេញនោះឯង។
៥. ការបំពេញតួនាទីជាស្រ្តីមេផ្ទះ
ទោះបីជាស្រ្តីសម័យថ្មី អាចមានឱកាសបានចេញទៅធ្វើការងារនៅខាងក្រៅដូចបុរសក៏មិនមែន ប៉ុន្តែការប្រតិបត្តិស្វាមី និងការបំពេញតួនាទីជាស្រ្តីមេផ្ទះដ៏ល្អ នៅតែជារឿងចាំបាច់សម្រាប់ស្រ្តីគ្រប់រូប។ ថ្វីត្បិតតែបច្ចុប្បន្ន បុរសជាប្ដីបានទទួលការអប់រំក្នុងការចេះជួយការងារផ្ទះខ្លះៗដល់ភរិយាក៏ពិតមែន ប៉ុន្តែកិច្ចការមួយភាគធំនៅតែជាបន្ទុកស្រ្តីដដែលលើតែពីការងារខាងក្រៅផ្ទះដែលនាងធ្វើ។ ការងារកំប៉ិកកំប៉ុកក្នុងផ្ទះវាមិនមានអីធ្ងន់ធ្ងរទេ ប៉ុន្តែបើយើងអង្គុយគាត់ធ្វើនោះទើបដឹងថាគ្មានពេលវេលាណាដែលអង្គុយត្រង់ខ្លួនស្រួលឡើយ។
៦. បែកផ្ទះសម្បែង
ជាការពិត មនុស្សប្រុសក្រោយរៀបការរួចក៏គេត្រូវបែកផ្ទះសម្បែង ឆ្ងាយពីម្ដាយឪពុកដូចគ្នា ប៉ុន្តែបើយើងប្រៀបធៀបរវាងមនោសញ្ចេតនារបស់កូនប្រុសនិងកូនស្រីដែលមានចំពោះឪពុកម្ដាយ ឃើញថាកូនប្រុសភាគច្រើនងាយនឹងកាត់ចិត្តនឹកពីគ្រួសារជាងកូនស្រី។ យើងអាចថា កូនប្រុសនឹកដូចគ្នាតែគេមិនចេះបង្ហាញអារម្មណ៍ចេញមកក្រៅ។ ពិតហើយ ត្រង់នេះហើយដែលបង្ហាញថាស្រ្តីនាងនៅមានជំហរចិត្តខ្សោយជាងបុរសក្នុងការទទួលយកការឃ្លានចាកឆ្ងាយចេញពីភ្នែកពីច្រមុះរបស់ឪពុកម្ដាយទៅរស់នៅជាមួយស្វាមី។ នេះជាទុក្ខស្រ្តី ទោះខំពន្យល់យ៉ាងម៉េចក៏បុរសមិនយល់ដែរ មែនអត់?
បុរសនិងស្រ្តីសុទ្ធតែមានទុក្ខរៀងៗខ្លួន គ្រាន់តែថាទុក្ខរបស់បុរស់ស្រ្តីអាចមានឱកាសបានភ្លក្ស បានស្គាល់ដោយផ្ទាល់ជាមួយបុរសដែល ប៉ុន្តែបើទុក្ខរបស់ស្រ្តីទាំង ៦ចំណុចខាងលើនេះវិញ បុរសនឹងគ្មានថ្ងៃបានយល់ឡើយ ល្គឹកណាបុរសអាចប្ដូរភេទមកជាស្រ្តីវិញ សូម្បីពាក្យចាស់បុរាណក៏បានពោលថា “បើចង់ដឹងផ្គរឲ្យស្ដាប់ពោះ បើចង់ដឹងទុក្ខលំបាកឲ្យសួរស្រ្តី”។ ដូច្នេះសូមផ្ដល់ការគោរព និងឲ្យតម្លៃដល់ស្រ្តីគ្រប់រូបមិនថាម្ដាយរបស់អ្នក បងប្អូនស្រីរបស់អ្នក មិត្តភក្តិស្រីៗរបស់អ្នក ភរិយារបស់អ្នក ឬស្រ្តីមួយណាឡើយ៕
អត្ថបទស្រាវជ្រាវ
ជម្រើសស្រ្តីឆ្នើម
Comments