មោទភាពក្នុងភេទជាស្រ្តី
- jumrerswomen
- Feb 15, 2021
- 1 min read
Updated: Mar 16, 2021
ស្រ្តីគឺជាភេទមួយដែលផ្ទុយពីបុរស ស្រ្តីជាគូគ្នាជាមួយបុរស។ ស្រ្តីពិតជាមានសមត្ថភាពខ្លាំងអស្ចារ្យសម្រាប់ពិភពលោកទាំងមូល។ ថ្ងៃនេះយើងមកដឹងពីភាពអស្ចារ្យទាំង ៤ យ៉ាងរបស់ស្រ្តីដែលអ្នកគួរតែមានមោទភាពលើស្រ្តីភេទ។
១. ស្រ្តីគឺជាមាតានៃពិភពលោក
ស្រ្តីគឺជាភេទមួយដែលបានពពោះជីវិតទាំងអស់នៅលើលោក ដែលមិនមានបុរស ឬភេទដទៃណាមួយអាចមានឱកាសពពោះជំនួសបាន។ វត្តមានមនុស្សនឹងមិនអាចកើតមានទេបើមិនមានវត្តមានរបស់ស្រ្តីភេទនៅលើលោកយើងនេះ។
២. ស្រ្តីមានឈាមពិសេសអាចចិញ្ចឹមទារកបាន
ក្រៅពីការពពោះនិងការបង្កើតកូន ស្រ្តីមានឈាមដ៏ពិសេសមួយដែលយើងស្គាល់ថាជាទឹកដោះ។ ទឹកដោះជាប្រភេទឈាមធម្មជាតិកើតមាននៅលើខ្លួនស្ត្រីបន្ទាប់ពីនាងសម្រាលកូនរួច។ ទឹកដោះរបស់ម្ដាយនេះហើយ ដែលជាអាហារធម្មជាតិដំបូងសម្រាប់ទារក ដែលបុរសមិនអាចផលិតបាន។
៣. ស្រ្តីជាកម្លាំងជម្រុញបុរសឲ្យសម្រេចបានជោគជ័យ
ជាការពិតណាស់ ស្រ្តីគឺជាភេទមួយដែលមានកម្លាំងកាយទន់ខ្សោយជាងបុរស។ ប៉ុន្តែបើយើងក្រឡេកទៅមើលបញ្ញាស្មារតី ភាពឈ្លាសវៃ និងភាពអំណត់អត់ធ្មត់វិញ នោះអាចឲ្យយើងឃើញយ៉ាងច្បាស់ថា ស្រ្តីមានសមត្ថភាពខ្លាំងមិនចាញ់បុរស ឬអាចខ្លាំងជាងបុរសទៀតផង។ តួយ៉ាង ភាពជោគជ័យស្ទើរតែគ្រប់យ៉ាងរបស់បុរស គឺមានការចូលរួមពីស្រ្តីនៅពីក្រោយ ហេតុនេះហើយ ទើបបុព្វបុរសយើងបានសរសេរសុភាសិតថា “សំណាបយោងដី ស្រ្តីយោងបុរស” “សម្លឆ្ងាញ់ត្បិតគ្រឿង គ្រួសាររុងរឿងត្បិតភរិយាជា” “ទ្រព្យគង់ត្បិតស្រីចេះសំចៃទុក ផ្ទះធំស្រណុកត្បិតភរិយាចេះរៀបចំទុកដាក់” ជាដើម។ រីឯពាក្យស្លោកសម័យថ្មីក៏បានលើកតម្កើងតម្លៃរបស់ស្រ្តីថា “នៅពីក្រោយខ្នងបុរសជោគជ័យតែងមានស្រ្តីដែលខ្លាំង” ដូច្នេះដែរ។
៤. ស្រ្តីអាចមានឱកាសទទួលបានអាយុវែងជាងបុរស
បើយោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាមនុស្សយើងអាចរស់នៅបានជាមធ្យម ៧១ឆ្នាំ ដោយក្នុងនោះអាយុរបស់បុរសអាចរស់នៅត្រឹមតែ ៧០ឆ្នាំ ខណៈពេលដែលស្រ្តីអាចមានអាយុរស់នៅរហូតដល់ ៧២ឆ្នាំ។ មូលហេតុនោះគឺ ដោយសារតែស្រ្តីមានលក្ខណៈពិសេសមួយដែលបុរសគ្មាន គឺការធ្លាក់ឈាមរដូវ។
ស្រ្តីជាភេទមួយដែលមានលក្ខណៈពិសេសខុសពីភេទដទៃ ដែលពិភពលោកទាំងមូលមិនអាចខ្វះបាន។ ហេតុនេះហើយទើបមនុស្សជាតិដឹងគុណ និងលើកតម្កើងស្រ្តីតាមរយៈការបង្កើតឲ្យមាន “ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា” រួមនឹង “ថ្ងៃបុណ្យអ្នកម្ដាយ” ឡើង ដើម្បីទុកជាការរំឭកគុណនិងលើកទឹកចិត្តស្ត្រីភេទ។ លើសពីនេះ នៅក្នុងសង្គមខ្មែរយើង បានលើកតម្កើងតម្លៃស្រ្តីដោយទុកពាក្យមេ (ម្ដាយ) ជាធំ គឺមេភូមិ មេក្រុម មេទាហាន ជាដើម។ ប៉ុន្តែយ៉ាងណា ស្រ្តីក៏នៅតែត្រូវការការចូលរួមពីមនុស្សជាតិទាំងអស់ ដើម្បីភាពរីកចម្រើនទៅមុខឆាប់រហ័សជាមួយគ្នា៕
អត្ថបទស្រាវជ្រាវ
ជម្រើសស្រ្តីឆ្នើម
រូបភាពតូច Youtube ទាញយក 4k