សម្បត្តិ ៥យ៉ាង ដែលស្រ្តីត្រូវមានគឺចរិយាសម្បត្តិ វិជ្ជា...
- jumrerswomen
- Feb 15, 2021
- 1 min read
Updated: Apr 9, 2021
ជាធម្មតា កាលណាគេនិយាយអំពីសម្បត្តិរបស់ស្រ្តី យើងរមែងតែងផ្ដោតការចាប់អារម្មណ៍ទៅលើទ្រព្យរបស់ក្រៅខ្លួនដែលមានដូចជាគ្រឿងលម្អខ្លួនរបស់ស្រ្តី សម្លៀកបំពាក់ដែលនារីនោះកំពុងពាក់ យានជំនិះដែលស្រ្តីនោះកំពុងប្រើប្រាស់ ។ល។ ប៉ុន្តែថ្ងៃនេះ យើងនឹងនាំលោកអ្នកមកស្គាល់ពីសម្បត្តិ ៥យ៉ាង ដែលស្រ្តីគ្រប់រូបត្រូវតែមាន។
១. ចរិយាសម្បត្តិ
ចរិយាសម្បត្តិ សម្ដៅដល់អាកប្បកិរិយានៃការដេក ដើរ ឈរ អង្គុយ និយាយស្ដី របស់បុគ្គលនោះថាតើគេប្រើប្រាស់ ឬបញ្ចេញសកម្មភាព ឬកាយវិការបែបណា ថ្លៃថ្នូរ ឬច្រឡើសបើស។ ចរិយាសម្បត្តិនៅទីនេះ គឺសម្ដៅយកចរិយាមាយាទដែលល្អ មិនកោងកាច មិនឆ្មើងឆ្មៃ ចេះគោរពផ្ដល់តម្លៃទៅដល់មនុស្សជុំវិញខ្លួន ជាមនុស្សដែលមានទឹកចិត្តល្អ ចេះចែករំលែកនូវអ្វីដែលខ្លួនមានទៅដល់មនុស្សដែលទន់ខ្សោយជាងខ្លួន។ ស្រ្តីដែលមានសម្បត្តិទី១នេះ គឺជាស្រ្តីដែលរមែងទទួលបានការគោរពស្រឡាញ់ពីមហាជនគ្រប់ស្រទាប់វណ្ណៈទាំងអស់។
២. វិជ្ជាសម្បត្តិ
ជាការពិតណាស់ មនុស្សគ្រប់រូបកើតមកត្រូវតែចេះ មិនថាវិជ្ជាផ្នែកមេផ្ទះ វិជ្ជាផ្នែកវិទ្យាសាស្រ្ត សង្គម ភាសា ទំនាក់ទំនង ឬវិជ្ជាអ្វីនោះទេ ដាច់ខាតពួកគេត្រូវតែមាន។ វិជ្ជាសម្បត្តិរបស់មនុស្សស្រី គឺសម្ដៅទៅលើចំណេះដឹងទូទៅដែលស្រ្តីសម័យថ្មីត្រូវតែរៀន ត្រូវតែចេះ ត្រូវតែដឹង ដើម្បីដើរឲ្យទាន់ការវិវត្តន៍របស់សង្គមជាតិនាពេលបច្ចុប្បន្ន។ ស្រ្តីដែលប្រកបទៅដោយវិជ្ជាសម្បត្តិ រមែងតែងតែជាមនុស្សមានភាពក្លាហាន មិនចាញ់ច្រាបអ្នកដទៃ ហើយក៏មិនងាយបណ្ដោយខ្លួនឲ្យធ្លាក់ក្នុងការបោកបញ្ឆោតរបស់បុគ្គលណាមួយងាយៗឡើយ។
៣. រូបសម្បត្តិ
រូបសម្បត្តិនៅទីនេះ មិនសម្ដៅលើពណ៌សម្បុរ ច្រមុះកោងស្រួច ថ្ពាល់ខួច ចិញ្ចើមក្រាស់នោះឡើយ។ ស្រ្តីដែលមានរូបសម្បត្តិល្អ គឺសម្ដៅទៅលើការចេះសម្អិតសម្អាងខ្លួនប្រាណ ការចេះថែទាំខ្លួន និងរៀបចំខ្លួនឲ្យបានសមរម្យ ត្រូវតាមកាលវេលាដែលខ្លួនកំពុងស្ថិតនៅ។ មួយវិញទៀត សុខភាពក៏ជាផ្នែកមួយនៃរូបសម្បត្តិរបស់ស្រ្តី ព្រោះកាលណាសុខភាពរបស់នាងល្អ រាងកាយនាងមាំមួន រូបសម្រស់នាងក៏ស្រស់ថ្លាតាមហ្នឹងដូចគ្នា។ ដូច្នេះ ស្រ្តីដែលចេះរៀបចំតាក់តែងខ្លួនឲ្យបានស្អាតសមរម្យ សុខភាពរឹងប៉ឹង រមែងជាទីចាប់អារម្មណ៍ដំបូងនៃភ្នែករបស់អ្នកផងទាំងពួង ដែលនេះជាឱកាសមួយដែលពួកគេអាចចូលទៅប្រាស្រ័យទាក់ទងការងារផ្សេងៗតាមគោលបំណងរបស់ពួកគេបានយ៉ាងងាយ។
៤. ទ្រព្យសម្បត្តិ
ថ្វីត្បិតតែទ្រព្យសម្បត្តិជារបស់ក្រៅខ្លួន ប៉ុន្តែយើងក៏ត្រូវយកភាពជាស្រ្តីទៅបណ្ដោយខ្លួនឲ្យធ្លាក់ទៅជាមនុស្សទីទ័លក្រតោកយ៉ាកនោះឡើយ។ ទ្រព្យសម្បត្តិជារបស់ដែលអាចជួយបង្ហាញនូវភាពរឹងមាំផ្នែកខាងក្រៅរបស់យើង កាលណាមនុស្សមើលឃើញពីភាពរឹងមាំផ្នែកធនធានខាងក្រៅរបស់យើង គេក៏នឹងមិនហ៊ានចូលមកវាយតម្លៃយើងផ្ដេសផ្ដាស ហើយគេក៏មិនមានលេសផ្សេងដើម្បីមកគាបសង្កត់លើយើងដែរ។
៥. គុណសម្បត្តិ
ក្រៅតែពីទ្រព្យរបស់ ចរឹតមាឃាទ ចំណេះដឹងទូលំទូលាយ រូបសម្បត្តិថ្លៃថ្នូរ ស្រ្តីត្រូវចេះកសាងនូវកិត្តិយសកេរ្ដិ៍ឈ្មោះខ្លួនឯងទៅដល់សង្គម ដើម្បីបង្កើតនូវគុណសម្បត្តិផ្ទាល់ខ្លួន។ និយាយនេះ មិនមែនចង់ឲ្យយើងធ្វើល្អដើម្បីទាមទារយកចំណាប់អារម្មណ៍ ឬការតបស្នងពីអ្នកដទៃនោះទេ។ ប៉ុន្តែវាជាលម្អជីវិតដ៏មានប្រជាប្រិយភាពមួយសម្រាប់ស្រ្តី និងមនុស្សគ្រប់រូប។ ការកសាងគុណសម្បត្តិ មិនមែនផ្ដល់ផលល្អដល់ត្រឹមតែយើងជាដែលអ្នកកសាងប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងបានចូលរួមជាផ្នែកមួយនៅក្នុងការជួយបង្កើតមនុស្សល្អៗនៅក្នុងសង្គមជាតិ និងជួយសង្គមជាតិឲ្យមានភាពរីកចម្រើនទៅមុខកាន់តែលឿន។
ស្រ្តីជាភេទដែលខ្លាំង ហើយមានភាពទាក់ទាញពីធម្មជាតិស្រាប់។ បន្ថែមពីលើនេះ ប្រសិនបើស្រ្តីចេះរៀបចំអាកប្បកិរិយាឲ្យថ្លៃថ្នូរ មានចំណេះដឹងទូលំទូលាយ មានការសម្អិតសម្អាងខ្លួនឲ្យបានស្អាតបាត មានទ្រព្យធនសមរម្យ ព្រមទាំងចេះកសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនឲ្យកាន់តែប្រសើរទៀតនោះ នោះស្រ្តីនឹងរឹតតែមានភាពទាក់ទាញខ្លាំង ហើយអាចនឹងក្លាយទៅជាកោសិកាមួយដែលពោរពេញទៅដោយសក្ដានុពលទៅលើមនុស្សក្នុងសង្គមទាំងមូលសម្រាប់ការចូលរួមលើកស្ទួយប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់៕
អត្ថបទស្រាវជ្រាវ
ជម្រើសស្រ្តីឆ្នើម
Comments