នារីដែលឆ្លាតរមែងអាចរំដោះខ្លួនចេញពីទុក្ខសោកទាំងនេះ...
- jumrerswomen
- Feb 15, 2021
- 1 min read
Updated: May 13, 2021
ស្រ្តីជាភេទមួយដែលងាយទទួលរងការប៉ះទង្គិចផ្លូវចិត្តខ្លាំងបំផុត។ មានរឿងរ៉ាវជាច្រើនដែលស្រ្តីមិនអាចនិយាយ ឬបង្ហាញចេញមកក្រៅបាន ដោយសារតែភាពអៀនខ្មាស គ្មានទំនុកចិត្ត និងគ្មានអ្នកគាំទ្រ។ ឯរឿងដែលកើតឡើងលើនាង ហើយអាចធ្វើឲ្យនាងកើតទុក្ខរមែងជា៖
១. រូបសម្រស់ខាងក្រៅ
ចំពោះនារីៗ សម្រស់គឺជារឿងទី១ ដែលនាងយកចិត្តទុកដាក់ជាងគេ រាប់តាំងពីចុងជើងរហូតដល់ចុងសក់។ មាននារីមិនតិចទេ ដែលមិនហ៊ានបង្ហាញខ្លួននៅចំពោះមុខសាធារណៈជន ជាពិសេសចំពោះមុខបុរសដែលខ្លួនស្រឡាញ់ដោយសារតែរូបសម្រស់របស់នាងមិនស្រស់ស្អាតដូចអ្នកដទៃ។ ប៉ុន្តែសម្រាប់នារីដែលឆ្លាត គេរមែងចាត់ទុករូបសម្រស់ខាងក្រៅគ្រាន់តែជាផ្នែកតូចមួយនៃជីវិតប៉ុណ្ណោះ ដោយពួកគេឲ្យតម្លៃទៅលើក្រមសីលធម៌ ចំណេះដឹង និងសុខភាព ច្រើនជាងសម្រស់ខាងក្រៅ។
២. ពាក្យសម្ដីរំខានត្រចៀក
មិនថាបុរសឬស្រ្តីទេ សុទ្ធសឹងតែត្រូវបានទទួលនូវពាក្យតិះដៀលរបស់អ្នកដទៃជុំវិញខ្លួនពួកគេ ជាពិសេសគឺនារីៗហ្នឹងឯង។ នារីៗរមែងទទួលរងនូវពាក្យអេកអូចពីមនុស្សជុំវិញខ្លួន ដែលពាក្យទាំងអស់នោះបានបង្កការរំខានដល់ចិត្តនារីនោះគ្មានស្រាកស្រាន្ត ទោះបីពាក្យនោះពិតឬមិនពិត ក៏អាចធ្វើឲ្យនារីនោះរង្គាសចិត្តបានដែរ។ ប៉ុន្តែបើនារីដែលឆ្លាត នាងនឹងមិនទៅចាប់អារម្មណ៍ទៅលើពាក្យអត់បានការទាំងអស់នោះឡើយ។ នារីដែលឆ្លាតរមែងជឿជាក់លើទង្វើរបស់ខ្លួនឯង មានភាពម្ចាស់ការលើខ្លួនឯង នាងនឹងមិនផ្ញើសេចក្ដីសុខរបស់នាងលើបបូរមាត់របស់អ្នកដទៃឡើយ។
៣. ខកបំណង
ភាពមិនពេញចិត្តនឹងការងារ ប្រាក់កម្រៃមិនសមប្រកប និងភាពមិនចុះសម្រុងនឹងបរិយាកាសការងារដែលនាងកំពុងធ្វើ តែងធ្វើឲ្យនារីនោះ កើតនូវក្ដីសោកសៅក្នុងចិត្ត។ នារីសម័យថ្មីជាច្រើន រមែងចង់មានលុយកាក់សម្រាប់ផ្គត់ផ្គង់តម្រូវការខ្លួនឯងជាជាងការទទួលលុយឧបត្ថម្ភពីគ្រួសាររបស់នាង នាងចង់បង្ហាញឲ្យគ្រួសារឃើញថានាងជាមនុស្សស្រីដែលខ្លាំង។ នៅពេលដែលសេចក្ដីប្រាថ្នាមិនសមប្រកបនឹងបំណង នាងតែងខឹងចិត្ត ទម្លាក់បន្ទុកលើខ្លួនឯងថាជាមនុស្សមុជមិនជ្រៅទៅមិនដល់ ជាមនុស្សដែលមិនកើតការជាដើម។ ផ្ទុយទៅ នារីដែលឆ្លាតគេមិនដែលទៅយកសេចក្ដីខិតខំប្រឹងរបស់ខ្លួនឯង ទៅជាន់ពន្លិចកម្លាំងចិត្តរបស់ខ្លួនឯងឡើយ។ នារីដែលឆ្លាត គេនឹងកាន់តែរីករាយនឹងផ្លូវដែលគេកំពុងដើរ ទោះជានាងមិនអាចរកកម្រៃបានច្រើនបាន តែយ៉ាងហោចណាស់ ក៏នាងអាចជួយសម្រាលសេចក្ដីលំបាករបស់គ្រួសារបានមួយចំណែកដែរ។
៤. ស្នេហាមិនសមបំណង
នារីច្រើននាក់ហើយ ដែលបានធ្វើរឿងមិនគប្បីចំពោះខ្លួនឯងដោយសារតែការឈឺចាប់នឹងការបាត់បង់បុរសដែលខ្លួនស្រឡាញ់។ ឯនារីខ្លះទៀត ត្រូវបង្ខំចិត្តមករស់នៅជាមួយមនុស្សប្រុសដែលខ្លួនមិនពេញចិត្ត ដែលទាំងនោះវាជាកត្តាធ្វើឲ្យនាងមិនអាចរកក្ដីសុខរបស់នាងបាន។ ប៉ុន្តែចំពោះនារីដែលឆ្លាត នាងច្បាស់ជាមិនបណ្ដោយខ្លួនឲ្យធ្លាក់ចូលក្នុងរណ្ដៅទុក្ខទាំងនេះឡើយ។ នារីដែលឆ្លាត នាងនឹងទទួលយករឿងរ៉ាវដែលកើតឡើង ហើយសម្របខ្លួនរស់ជាមួយនឹងការពិតដោយក្ដីពេញចិត្ត។
សេចក្ដីទុក្ខតែងតែកើតមាននៅលើមនុស្សគ្រប់គ្នា គ្រាន់តែតិចនឹងច្រើន។ មនុស្សដែលឆ្លាតគេនឹងអាចកែបញ្ហាទៅជាបទពិសោធ ទៅជាមេរៀន ឬជាឱកាសសម្រាប់កសាងជីវិតឲ្យកាន់តែស្រស់បំព្រងជាងនេះ ឯមនុស្សទន់ខ្សោយរមែងរស់នៅជាមួយចិត្តសោកសៅនេះជាដរាប។ ត្រូវចាំថា ភ្នំដ៏ធំគេនៅតែអាចបំបែកបាន ដូច្នេះបញ្ហាធំប៉ុណ្ណាក៏នៅតែដំណោះស្រាយ ដូច្នោះដែរ៕
អត្ថបទស្រាវជ្រាវ
ជម្រើសស្រ្តីឆ្នើម
Comments