កាតព្វកិច្ចស្រ្តីសម័យថ្មី
- jumrerswomen
- Feb 15, 2021
- 1 min read
Updated: Apr 9, 2021

បើនិយាយដល់ការងាររបស់ស្រ្តីភេទ យើងតែងនឹកទៅដល់ការងារចង្ក្រានជើងឆ្នាំងក្នុងផ្ទះកំប៉ិកកំប៉ុកដែលមនុស្សស្រីត្រូវតែធ្វើខានពុំបាន។ វាជាទម្លាប់របស់មនុស្សបុរាណទូទាំងសកលលោកដែលប្រគល់ការងារដាំស្លទៅឲ្យស្រ្តី ព្រោះពួកគាត់យល់ថាគ្មានការងារណាផ្សេងដែលសក្តិសមសម្រាប់នាងជាងនេះឡើយ រហូតដល់មានពាក្យស្លោកលើកឡើងថា ស្រ្តីបង្វិលចង្រ្កានមិនជុំ។ ប៉ុន្តែផ្នត់គំនិតទាំងនោះ ត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុងនៅក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ដែលយើងបានឃើញសមិទ្ធផលដែលកើតចេញពីស្នាដៃស្រ្តីទូទាំងសកលលោកលេចចេញជារូបរាងឡើងជាបន្តបន្ទាប់។ តើស្រ្តីសម័យថ្មីមានកាតព្វកិច្ចធ្វើអ្វីខ្លះ ក្រៅតែពីការងារក្នុងផ្ទះបាយ?
១. ស្រ្តីគឺជាគ្រូបង្រៀន

ស្រ្តីគឺជាគ្រូធំដំបូងគេបង្អស់របស់កូនៗ។ ក្រៅតែពីការងាររៀបចំចាត់ចែងម្ហូបអាហារ និងការងារមួយរយមុខនៅក្នុងផ្ទះ ស្រ្តីសម័យថ្មីបានដើរតួនាទីយ៉ាងសំខាន់ក្នុងអប់រំកូនៗ ឲ្យចេះនិយាយស្ដី ដើរ ឈរ អង្គុយ ឲ្យពួកគេមានសុជីវធម៌ ភាពក្លាហាន និងដឹងពីរបៀបរបបក្នុងការរស់នៅ។ លើសពីនេះ ស្រ្តីសម័យថ្មីបានបង្ហាត់បង្ហាញកូនៗនូវតួអក្សរជាតិ និងអន្តរជាតិថែមទៀតផង។ មិនមែនតែក្នុងតួនាទីជាម្ដាយទេ ទោះបីក្នុងតួនាទីជាបងស្រី ជាអ៊ំ ជាមីង ជាជីដូន ក៏ពួកគាត់មានសមត្ថភាពនិងការយល់ដឹងគ្រប់គ្រាន់សម្រាប់អប់រំប្អូន ក្មួយ និងចៅៗ របស់ពួកគាត់បានដែរ។
២. ស្រ្តីជាមេគ្រួសារ

កាលពីមុន មេគ្រួសារគឺត្រូវតែជាមនុស្សប្រុស ដោយសម្អាងទៅលើមនុស្សប្រុសមានកម្លាំងខ្លាំង មានចំណេះជ្រៅជ្រះ មានប្រាក់ចំណូលច្រើនជាដើម។ ប៉ុន្តែនាសម័យបច្ចុប្បន្ន ស្រ្តីមានសិទ្ធិពេញលេញក្នុងការជួយពន្យល់ដឹកនាំគ្រួសារឲ្យមានសុខសុភមង្គល និងភាពចម្រុងចម្រើនបាន។
៣. ស្រ្តីជាអ្នករកចំណូល

ជាការពិតណាស់ បើយើងនិយាយរឿងការរកចំណូលចូលផ្ទះ គឺយើងច្បាស់ជាគិតដល់បុគ្គលជាបុរស ឬជាស្វាមី។ ប៉ុន្តែអ្វីៗវាមិនស្ថិតនៅនឹងថ្កល់រហូតឡើយ។ ស្រ្តីសម័យថ្មីស្ទើរតែទាំងអស់បានចេញក្រៅដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ដោយពួកនាងមិនបានដេកចាំស៊ីកម្លាំងញើសឈាមរបស់បុរសឡើយ។ ឯការទៅប្រកបរបរនោះទៀតសោត ក៏នាងមិនបានបោះបង់ចោលតួនាទីជាស្រ្តីមេផ្ទះទាំងស្រុងដែរ គឺនាងនៅតែមានទំនួលខុសត្រូវខ្ពស់លើការងារដែលនាងត្រូវធ្វើសម្រាប់គ្រួសារជានិច្ច។
៤. ស្រ្តីជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គមជាតិ

បើយើងក្រឡេកទៅមើលកិច្ចការទាំងក្នុងជួររដ្ឋ និងឯកជន នោះយើងនឹងមើលឃើញវត្តមានស្រ្តីរីកដុះដាលគ្រប់ទីកន្លែង មិនថានៅក្នុងតួនាទីថ្នាក់ក្រោម កណ្ដាល ឬថ្នាក់កំពូលឡើយ។ នេះសបញ្ជាក់ឲ្យយើងឃើញថា ស្រ្តីសម័យថ្មីមានសមត្ថភាពមិនចាញ់បុរសឡើយ បើទោះបីជាពួកគាត់ត្រូវបំពេញតួនាទីជាភរិយាល្អ ម្ដាយល្អ បងស្រីល្អ ប្អូនស្រីល្អ ក៏គាត់នៅអាចបន្ថែមការងារដើម្បីបំពេញតួនាទីជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិរបស់ពួកគាត់បានដូចបុរសអញ្ចឹងដែរ។

ស្រ្តីជាភេទមួយទន់ខ្សោយជាងបុរសពិតមែន បើយើងធ្វើការវាស់លើកម្លាំងបាយ ប៉ុន្តែបើយើងប្រៀបធៀបលើសមត្ថភាពវិញ ស្រ្តីអាចឈរនៅក្នុងលំដាប់ប្រហាក់ប្រហែលនឹងបុរស ឬអាចខ្លាំងជាងបុរសទៀតក៏មាន។ ស្រ្តីសម័យមុនអាចនឹងបង្វិលចង្ក្រានមិនជុំ ប៉ុន្តែស្រ្តីសម័យប្រមូលផ្ដុំអាចដើរជុំពិភពលោកទាំងមូលបាន៕
អត្ថបទស្រាវជ្រាវ
ជម្រើសស្រ្តីឆ្នើម
Comments